ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ សរុបចំនួន ២៥ ៧៩០បណ្ណ ស្មើនឹង ១៥ ០០៧ គ្រួសារក្នុងខេត្តកំពង់ឆ្នាំង..








ខេត្តកំពង់ឆ្នាំង ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ សរុបចំនួន ២៥ ៧៩០បណ្ណ ស្មើនឹង ១៥ ០០៧ គ្រួសារ
នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុជូនប្រជាពលរដ្ឋក្នុងខេត្តសរុបចំនួន ២៥ ៧៩០បណ្ណ ស្មើនឹង ១៥ ០០៧ គ្រួសារ ។
ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ លោកឧត្តមសេនីយ៍ វរសេនីយ៍ ប្រធានមន្ទីរអង្គភាពជុំវិញ ខេត្ត លោកអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ អ៊ុំ ពូ មីង ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ។
អភិបាលខេត្ត សូមសម្តែងនូវមនោសញ្ចេតនារីករាយ និងសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិតសភាចារ្យ ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ខ្ពស់ ផ្តល់ការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង ទាំងកម្លាំងមន្ត្រី វាស់វែង សម្ភារៈ ថវិកា និងបច្ចេកទេស ដល់ក្រុមការងារចុះបញ្ជីដីធ្លីនៃខេត្តកំពង់ឆ្នាំង ដើម្បីបម្រើ និងបង្កើនល្បឿនការងារចុះបញ្ជីដីធ្លីបង្ហើយនៅក្នុងខេត្តកំពង់ឆ្នាំងឱ្យទទួលបានជោគជ័យ។
អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានជម្រាបជូនអង្គពិធីឲ្យដឹងថា ផែនការចេញបណ្ណបញ្ចប់ការងារទូទាំងខេត្ត (ត្រឹមចុងឆ្នាំ២០២៦)៖ បញ្ចប់ការងារបច្ចេកទេស នៅថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០២៦,បញ្ចប់ការបិទផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ និងបញ្ចប់ ការចេញប័ណ្ណទូទាំងខេត្តនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៦។
ចំពោះការងារចេញបណ្ណ និងការចែកបណ្ណ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦៖ ការចេញបណ្ណ សរុបចំនួន ២៥ ៧៩០បណ្ណ ស្មើនឹង ១៥ ០០៧ គ្រួសារ ស្ថិតក្នុង ២៦ភូមិ នៃឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ មានចំនួន ៨ ៣៧៣បណ្ណស្មើនឹង ៥ ២៨៧ គ្រួសារ, ឃុំឈូកស ស្រុកកំពង់ត្រឡាច មានចំនួន ១៣ ៧១៣ បណ្ណ ស្មើនឹង ៧ ២៣២ គ្រួសារ និងឃុំជៀប ស្រុកទឹកផុស មានចំនួន ៣ ៧០៤ បណ្ណស្មើនឹង ២ ៤៨៨ គ្រួសារ។