លោក ឈឹម វុទ្ធា អភិបាលរងដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិភាក្សា និងវាយតម្លៃអំពីការអនុវត្តមុខងារដែលបានប្រគល់ និងធ្វើប្រតិភូកម្មការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក នៅអង្គភាពច្រកចេញចូលតែមួយ





{ខេត្តកំពង់ឆ្នាំង}÷នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក ឈឹម វុទ្ធា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ និងស្ថាប័នជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំពិភាក្សា និងវាយតម្លៃអំពីការអនុវត្តមុខងារដែលបានប្រគល់ និងធ្វើប្រតិភូកម្មការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក នៅអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យច្រកចេញចូលតែមួយ ក្នុងរដ្ឋបាលខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម មាស ម៉ូនីកា អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណ:កម្មកាធិការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយកនាយករង អនុប្រធាននាយកដ្ឋានមុខងារ និងធនធានក្រសួងមហាផ្ទៃ តំណាងគ.ជ.ជ.ប និងមន្ត្រីពាក់ព័ន្ធ។
គោលបំណងនៃកិច្ចប្រជុំ ធ្វើឡើង៖
១.ដើម្បីពិនិត្យ តាមដាន និងវាយតម្លៃអំពីវឌ្ឍនភាព ព្រមទាំងបញ្ហាប្រឈមនានា ក្នុងការអនុវត្តមុខងារដែលបានផ្ទេរ និងការធ្វើប្រតិភូកម្មការផ្តល់សេវារដ្ឋបាលលើដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក នៅអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ឆ្នាំង និងការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក។
២ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយសមស្របចំពោះបញ្ហាប្រឈមនានា ដើម្បីធានាបាននូវការអនុវត្តមុខងារដែលបានប្រគល់ និងធ្វើប្រតិភូកម្មឈេរលើគោលការណ៍នៃការផ្តល់សេវារដ្ឋបាលប្រកបដោយតម្លាភាព នីតិវិធីសាមញ្ញនិងប្រកបដោយប្រសិទ្ធភាព។
៣.ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពឆាប់រហ័ស តម្លាភាព ប្រសិទ្ធភាព និងឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។