របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ពិធីប្រកាសបិទផ្សាយជាសាធារណៈនៅឯកសារនូវការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ សម្រាប់ ភូមិចម្លាត់ដៃ/ភូមិថ្មី/ភូមិស្វាយផ្អែម/ក្នុងឃុំស្វាយស្រុកសាមគ្គីមានជ័យ

5

{ខេត្តកំពង់ឆ្នាំង}÷នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ នេះ ជាឱកាសដ៏មានសារៈសំខាន់ ដែលលោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំងតំណាងឲ្យឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ត លោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ឆ្នាំង លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ លោក កេត សំអាន ប្រធានក្រុមប្រឹក្សាស្រុកសាមគ្គីមានជ័យ លោក មុំ សារ័ត្ន ប្រធានភូមិបាលរៀបចំដែនដីស្រុក សាមគ្គីមានជ័យ និងមានមន្ត្រីដែនដី លោកមេឃុំ លោកមេភូមិ បានរៀបចំពិធី ប្រកាសបិទផ្សាយសាធារណៈ ឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ សម្រាប់ ភូមិជំនាន់ដៃ ឃុំស្វាយ និងភូមិស្វាយផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ការបិទផ្សាយសាធារណៈនេះ គឺជាដំណាក់កាលដ៏សំខាន់មួយនៃនីតិវិធីចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ដែលផ្តល់ឱកាសឱ្យប្រជាពលរដ្ឋពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានពាក់ព័ន្ធនឹងក្បាលដីរបស់ខ្លួន ដូចជា ឈ្មោះម្ចាស់ដី ទំហំ ព្រំប្រទល់ និងព័ត៌មានផ្សេងៗដែលមានចែងក្នុងឯកសារវិនិច្ឆ័យ។

ក្នុងអំឡុងពេលបិទផ្សាយសាធារណៈ ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ សូមអញ្ជើញមកពិនិត្យឯកសារដោយយកចិត្តទុកដាក់។ ប្រសិនបើមានការខុសឆ្គង ឬមានការតវ៉ាពាក់ព័ន្ធនឹងកម្មសិទ្ធិ ព្រំប្រទល់ ឬព័ត៌មានផ្សេងៗ សូមដាក់ពាក្យស្នើសុំកែតម្រូវ ឬតវ៉ាទៅក្រុមការងារចុះបញ្ជីដីធ្លី ឬអាជ្ញាធរមូលដ្ឋាន ឱ្យបានទាន់ពេលវេលា ស្របតាមនីតិវិធីជាធរមាន។

យើងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សហការជាមួយក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ ដោយផ្តល់ព័ត៌មានពិត បង្ហាញឯកសារពាក់ព័ន្ធ និងចូលរួមដោះស្រាយបញ្ហាដោយសន្តិវិធី សំដៅធានាឱ្យដំណើរការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយតម្លាភាព យុត្តិធម៌ និងមានប្រសិទ្ធភាព។

ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ គឺជាគោលនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការធានាសិទ្ធិស្របច្បាប់លើកម្មសិទ្ធិដីធ្លី កាត់បន្ថយវិវាទដីធ្លី បង្កើនសន្តិសុខក្នុងការកាន់កាប់ និងប្រើប្រាស់ដី ព្រមទាំងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅមូលដ្ឋាន។

ជាទីបញ្ចប់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្រុមការងារចុះបញ្ជីដីធ្លី អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសហការយ៉ាងសកម្ម ធ្វើឱ្យដំណើរការនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

សូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.