ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញពិនិត្យការជួសជុលផ្លូវលំ ១ខ្សែ ប្រវែង ៦,០០០ម៉ែត្រ នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង




ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញពិនិត្យការជួសជុលផ្លូវលំ ១ខ្សែ ប្រវែង ៦,០០០ម៉ែត្រ នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
នាថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ជាង សិឡាសុមាឫទ្ធិវង្ស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច អមដំណើរដោយអាជ្ញាធរដែនដី បានអញ្ជើញពិនិត្យផ្លូវលំ ១ខ្សែ ប្រវែង ៦,០០០ម៉ែត្រ ដែលកំពុងដំណើរការជួសជុល ស្ថិតនៅភូមិក្អែកពង និងភូមិក្បាលកោះ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលជាគម្រោងអភិវឌ្ឍន៍របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង។
សមិទ្ធផលនៃការជួសជុលផ្លូវ ១ខ្សែនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ សម្រួលដល់ការដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សារ បង្កើនភាពងាយស្រួលដល់សិស្សានុសិស្សក្នុងការធ្វើដំណើរទៅសិក្សារៀនសូត្រ និងបងប្អូនកម្មករ កម្មការិនីរោងចក្រធ្វើដំណើរទៅបំពេញការងារ ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលជាងមុន។
នាឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត បានស្នើសុំមន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីជួយសម្របសម្រួលគ្រឿងចក្រក្នុងការជួយជួសជុលផ្លូវនៅភូមិកៀនឃ្លាំង បន្ទាប់ពីបញ្ចប់គម្រោងដែលកំពុងជួសជុលនេះ។ ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ត្រូវពន្យល់ និងណែនាំដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសមិទ្ធផលនេះ ដើម្បីអាចប្រើប្រាស់បានយូរអង្វែង៕