ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងនឹងលោកជំទាវ កែ ច័ន្ទមុន្នី ឯកឧត្ដម ស៊ីវ រុន … ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ថ្នាក់ដឹកនាំក្រុង និងមន្ត្រីរាជការ បានចូលរួមពិធីកាន់បិណ្ឌ១ ជាមួយលោកតា លោកយាយ និងពុទ្ធបរិស័ទ នៅវត្តអារញ្ញិការាម ក្នុងក្រុងកំពង់ឆ្នាំង…











ខេត្តកំពង់ឆ្នាំង៖ ក្នុងស្មារតីគោរពប្រតិបត្តិតាមប្រពៃណីព្រះពុទ្ធសាសនា និងថែរក្សាវប្បធម៌ដ៏ផូរផង់របស់ជាតិ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រ
ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ថ្នាក់ដឹកនាំក្រុង និងមន្ត្រីរាជការ បានចូលរួមពិធីកាន់បិណ្ឌ១ ជាមួយលោកតា លោកយាយ និងពុទ្ធបរិស័ទ នៅវត្តអារញ្ញិការាម ក្នុងក្រុងកំពង់ឆ្នាំង។
ពិធីបុណ្យកាន់បិណ្ឌ គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់មួយរបស់ប្រជាជនខ្មែរ ដែលប្រារព្ធឡើងក្នុងរយៈពេល១៥ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិការដែលបានចែកឋានទៅ និងជាឱកាសឱ្យពុទ្ធបរិស័ទបានធ្វើទាន រក្សាសីល ស្តាប់ធម៌ និងបណ្តុះសេចក្តីមេត្តាករុណា។
ការចូលរួមក្នុងពិធីបុណ្យនេះ ក៏ជាការបង្ហាញពីសាមគ្គីភាពរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ព្រមទាំងជាការលើកកម្ពស់សីលធម៌ គុណធម៌ និងការរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរឱ្យបានគង់វង្សតរៀងទៅ។
បុណ្យកាន់បិណ្ឌ មិនត្រឹមតែជាការធ្វើបុណ្យឧទ្ទិសកុសលប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកថែរក្សាមរតកវប្បធម៌ សាមគ្គីភាព និងសេចក្តីសុខក្នុងសង្គមជាតិ៕