ករណីគ្រោះថ្នាក់ចរាចរណ៍កម្មកររោងចក្រម្នាក់ចុះពីលើរថយន្តដើរឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងបុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់..ត្រូវសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ខណៈពេលនេះ ដង្ហើយរកឲ្យគេជួយ….





{ខេត្តកំពង់ឆ្នាំង}÷ ជនរងគ្រោះឈ្មោះ ប្រាក់ ចាន់ អាយុ ៥៤ឆ្នាំ ជាកម្មកររោងចក្ររស់នៅ ភូមិគរ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានជួបគ្រោះថ្នាក់ចរាចរណ៍ពេលមកពីធ្វើដំណើរពីរោងចក្រមកវិញ ករណីកើតហេតុនេះ÷ នៅវេលាម៉ោង ១៨ នឹង ៥៥នាទីល្ងាច ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២៦ បើតាមប្រភពនានា និងអ្នកធ្វើដំណើរនៅលើឡានទាំងអស់បានឲ្យដឹងថា÷ពេលជិះឡានត្រឡប់ពីរោងចក្រមកដល់ផ្លូវត្រូវចូលផ្ទះ រថយន្តដឹកកម្មករបានអែបកៀនខាងស្ដាំ ហើយបងស្រីបានចុះពីលើរថយន្តដើរសំដៅឆ្លងផ្លូវចូលផ្ទះ ក៏ស្រាប់មានម៉ូតូមួយគ្រឿង បើកពីលិចទៅកើតបញ្ច្រាសទិសជាមួយរថយន្ត ហើយបានបុកបងស្រីជាកម្មកររោងចក្រនោះតែម្ដង បណ្ដាលឱ្យរងរបួស បាក់ដៃបាក់ជើងប្រេះឆ្អឹងជំនី សន្លប់ធំ។
ក្រោយកើតហេតុឃើញមាន អាជ្ញាធរមូលដ្ឋាន មកដល់បានហៅរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។
ចំណែកម្ចាស់ម៉ូតូគេបានដឹងថា មានឈ្មោះ គង់ វិសាល មានប្រពន្ធ កូនមួយ រស់នៅ ភូមិ ខ្នាជ្រៃកោងកើត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយក៏មានរងរបួសស្រាលខ្លះៗដែរ។
បច្ចុប្បន្នម៉ូតូត្រូវបានសមត្ថកិច្ចជំនាញនៃការអធិការដ្ឋាននគរបាលស្រុក យកមករក្សាទុក និងកំពុងតែបន្តនីតិវិធីផ្លូវច្បាប់។
ក្នុងករណីនេះបើនិយាយអំពីទិដ្ឋភាពច្បាប់÷ ករណីអ្នកបើកម៉ូតូនៅពេលយប់លើផ្លូវជនបទ បង្កឱ្យស្ត្រីម្នាក់រងរបួសធ្ងន់ ដូចជា បាក់ដៃ បាក់ជើង និងបាក់ឆ្អឹងជំនី មិនគួរដោះស្រាយដោយការសន្និដ្ឋាន ឬការសម្របសម្រួលដោយគ្មានមូលដ្ឋានច្បាប់ឡើយ។
តាម ក្រមព្រហ្មទណ្ឌ មាត្រា ២៣៦ ការបង្ករបួសដោយអចេតនា តាមរយៈការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ឬការមិនគោរពកាតព្វកិច្ចសុវត្ថិភាព អាចមានទោស ដាក់ពន្ធនាគារពី ៦ខែ ដល់ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ដល់ ៤លានរៀល ប្រសិនបើបណ្តាលឱ្យអសមត្ថភាពធ្វើការរយៈពេល ៨ថ្ងៃឡើងទៅ។ តុលាការក៏អាចពិចារណាទណ្ឌកម្មបន្ថែម ដូចជាហាមបើកបរ ឬព្យួរប័ណ្ណបើកបរ។
ចំពោះ សំណងរដ្ឋប្បវេណី ត្រូវពិនិត្យជាក់ស្តែងលើថ្លៃព្យាបាល ថ្លៃធ្វើដំណើរ ប្រាក់ចំណូលដែលបាត់បង់ ការខូចខាតរាងកាយ និងការខូចខាតផ្សេងៗដែលអាចបញ្ជាក់បានតាមឯកសារ និងភស្តុតាង។ ដូច្នេះ មិនអាចកំណត់ចំនួនសំណងជាក់លាក់តែមួយដោយមិនពិនិត្យអង្គហេតុបានទេ។
មន្ត្រីនគរបាល អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ត្រូវកត់ត្រាអង្គហេតុ ប្រមូលភស្តុតាង ពិនិត្យទីតាំង សាកសួរភាគី និងសាក្សី ពិនិត្យលក្ខខណ្ឌផ្លូវ និងការបើកបរ ហើយបញ្ជូនសំណុំរឿងទៅតាមនីតិវិធី ដោយ អព្យាក្រឹត មិនលំអៀង មិនការពារភាគីណាមួយ និងមិនដាក់សម្ពាធឱ្យជនរងគ្រោះទទួលសំណងមិនសមរម្យុ៕