អភិបាលខេត្តកំពង់ស្ពឺក្រើនរំឭកដល់មន្ត្រីសុខាភិបាលឱ្យពង្រឹងប្រសិទ្ធិភាពការងារផ្តល់សេវាព្យាបាលដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

កំពង់ស្ពឺ: អភិបាលខេត្តកំពង់ស្ពឺឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា បច្ចុប្បន្នប្រជាពលរដ្ឋមានការជឿជាក់ខ្លាំងលើការព្យាបាលរបស់ក្រុមគ្រូពេទ្យរដ្ឋ គ្រាដែលស្ថាប័នមួយនេះបាននិងកំពុងមានការរីកចម្រើនលើវិស័យបរិក្ខាទំនើប ហើយជាមួយនិងការជឿជាក់នេះបងប្អូនប្រជាពលរដ្ឋក៏បានងាក់មកទទួលយកសេវាព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាព ជំនួសឱ្យការព្យាបាលនៅតាមគ្លីនិកឯកជនផងដែរ។ដូច្នេះដើម្បីផ្តល់នូវទំនុកចិត្តនិងភាពជឿជាក់របស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីសុខាភិបាលទាំងអស់ពិសេសនៅតាមមណ្ឌលសុខភាពត្រូវតែពង្រឹងប្រសិទ្ធិភាពការងារ និងយកចិត្តទុកដាក់ឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធិភាពក្នុងការព្យាបាល។

នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥និងលើកទិសដៅ២០២៦របស់មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា គ្រាមុនប្រជាពលរដ្ឋមិនមានទំនុកចិត្តក្នុងការមកទទួលសេវាព្យាបាលនៅតាមទីតាំងផ្តល់សេវារបស់រដ្ឋនោះទេ ដោយអ្នកជំងឺភាគច្រើនមានការជឿជាក់ទៅមន្ទីរពេទ្យឯកជនដោយសំអាងថា ពេទ្យឯកជនមានការយកចិត្តទុកដាក់និងមានបរិក្ខាគ្រប់គ្រាន់ក្នុងការព្យាបាល។ប៉ុន្តែបច្ចុប្បន្ននេះ មានមន្ទីរពេទ្យឯកជនមួយចំនួនត្រូវបានបិទទ្វារ ដោយសារតែបងប្អូនប្រជាពលរដ្ឋយើងភាគច្រើនបានបោះបង់ការព្យាបាលនៅតាមមន្ទីរពេទ្យឯកជន ហើយងាក់មកទទួលយកការព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពរដ្ឋវិញ។ទាំងនេះបង្ហាញឱ្យឃើញថា ការផ្តល់សេវានិងការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យយើងមានភាពល្អប្រសើរនិងមានទំនុកចិត្តខ្ពស់។

ជាមួយនោះ អភិបាលខេត្តកំពង់ស្ពឺឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពចំពោះវិស័យសុខាភិបាល ដោយបានពង្រឹងគុណភាពនិងគុណវុឌ្ឍក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាព និងបានបំពាក់នូវបរិក្ខាទំនើប ឱសថមានគុណភាពដើម្បីព្យាបាលដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលមកទទួលយកសេវាព្យាបាលនៅតាមពេទ្យរដ្ឋឱ្យបានជាសះស្បើយ។

ទន្ទឹមនិងការពង្រឹងគុណភាពនៃសេវាសុខាភិបាលសាធារណៈ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានលើកឡើងផងដែរថា សេវាសុខាភិបាលឯកជនក៏ជាផ្នែកមួយសំខាន់ផងដែរ ដែលមន្ទីរសុខាភិបាលត្រូវតែយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់ក្នុងការត្រួតពិនិត្យ វាយតម្លៃទាំងបទដ្ឋានបច្ចេកទេសវេជ្ជសាស្ត្រនិងលិខិតបទដ្ឋានគតិយុត្តនានាដែលទាក់ទងក្នុងការបើកនិងប្រកបអាជិវកម្ម និងទីតាំងលក់ឱសថ ធ្វើយ៉ាងណាឱ្យអនុឡោមទៅតាមច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រឯកជននិងគ្រប់គ្រងឱសថក្លែងក្លាយ។

ពាក់ពន្ធ័និងការផ្តល់សេវាសាធារណៈ លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា ក្នុងឆ្នាំ២០២៥កន្លងទៅ មន្ទីរសុខាភិបាលបានផ្តល់សេវាពិនិត្យជំងឺទូទៅបានជិត៦០ម៉ឺនករណី ក្នុងនោះបានពិនិត្យនៅមណ្ឌលសុខភាពចំនួន៤៥៤,៨១០ ករណី និងមន្ទីរពេទ្យចំនួន ១២០,៨៤៥ ករណី។អ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤១,៣៤០នាក់ សេវាសម្រាលកូនចំនួន ១១,៨១៧ នាក់ វះកាត់ចំនួន ៤,៨០៩ ករណី ការថែទាំផ្ទៃពោះមុនសម្រាលចំនួន ៤៩,៥៩៩ ករណី ការថែទាំក្រោយសម្រាលចំនួន ៤,២៥២ ករណី កាផ្តល់ថ្នាំបង្ការស្ត្រីមានផ្ទៃពោះបានទទួលវ៉ាក់សាំងការពារជំងឺតេតាណូសចំនួន ២០,៧៨៧ នាក់៕

ប្រភព÷រដ្ឋបាលខេត្តកំពង់ស្ពឺ

Comments (0)
Add Comment