នារសៀលថ្ងៃពុធ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ រួមជាមួយលោក សាំង វ៉ាន់ នាយករដ្ឋបាលសាលាស្រុក លោក ហែម ផានិត នាយករងរដ្ឋបាលសាលាស្រុក និងកញ្ញា ស៊ត ស្រីណែត អនុប្រធានការិយាល័យផែនការនិងគាំទ្រឃុំ ចូលរួមប្រជុំវាយតម្លៃ១០០% គម្រោងជួសជុលផ្លូវបេតុងអាម៉េ ១ខ្សែ មានប្រវែង៣៤៥ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ និងបង្គោលភ្លើងប្រើប្រាស់ពន្លឺព្រះអាទិត្យ(សូឡា) ចំនួន៩កន្លែង នៅភូមិរយាស ក្នុងឃុំឈានឡើង។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ តំណាងនាយកទីចាត់ការ ផែនការវិនិយោគខេត្តកំពង់ឆ្នាំង លោក ឱ សារ៉ាត មន្ត្រីបច្ចេកទេស(TSC) លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ និងប្រជាពលរដ្ឋទទួលផលពីគម្រោង សរុបវត្តមានចូលរួម ៥៧នាក់ ស្រី៣៥នាក់។
ឆ្លៀតក្នុងឱកាសនេះ លោក បានទទួលនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ដ្រី និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី២ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងនិងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។
រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវអាទិភាពគន្លឹះចំនួន ៥គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីធ្វើឲ្យប្រទេសកម្ពុជា សម្រេចបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នូវឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នូវឆ្នាំ២០៥០។
សមិទ្ធផលថ្មី នេះជាគម្រោងរបស់រដ្ឋបាលឃុំក្នុងឆ្នាំ២០២៥ ស្នើឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សា និងសុំឱ្យប្រជាពលរដ្ឋទាំងអស់សុំកុំចាក់ដីលប់ដីចំណីផ្លូវ និងខ្ពស់ជាងផ្លូវ ពេលចាក់ដីលប់ប្រឡាយត្រូវដាក់លូ ឱ្យបានត្រឹមត្រូវតាមស្តង់ដារ ការតសម្យាប សង់តូបលក់ដូរ ជាដើម …។ល។
ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ស្នើសុំឱ្យបងប្អូនត្រូវចូលរួមសហការ អនុវត្ត និងពេលមានករណីអ្វីមួយកើតឡើង សុំធ្វើការរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីអន្តរាគមន៍។
បញ្ហាសំរាម នៅក្នុងមូលដ្ឋានភូមិ ឃុំ ត្រូវចូលរួមថែរក្សា និងបំផុសចលនាសម្អាតតាមផ្ទះឱ្យបានច្រើនផុះផលផងដែរ។
ករណីវិវាទដីធ្លី សុំឲ្យប្រកាន់គោលការនយោបាយឈ្នះឈ្នះដើម្បីបញ្ចប់ទំនាស់។
ជាមួយគ្នានេះ ស្នើសុំបងប្អូនទាំងអស់ត្រូវមានភាពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល គ្រប់កាល:ទេសៈ រួមទាំងបញ្ហាព្រំដែនផងដែរ។